ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបិទវគ្គឆ្នាំ ២០២៤ និង បើកវគ្គឆ្នាំ ២០២៥ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែកុម្ភះ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញលោក គឹម សាមិត្ត បានចូលរួមពិធីបិទវគ្គឆ្នាំ ២០២៤ និង បើកវគ្គឆ្នាំ ២០២៥ នៃ «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ ២០២៤ និង សិក្ខាកាមគោលដៅឆ្នាំ ២០២៥ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងស្ថាប័ន,មន្ទីរជំនាញនៃក្រសួងចំនួន ៩គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញនៃក្រសួងចំនួន ៩គ្រឹះស្ថានសាធារណៈរដ្ឋបាលរដ្ឋបាលរាជធានីខេត្ត ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាម សរុបប្រមាណជាង ៨០០ នាក់ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បានបន្តផ្តល់អាទិភាពខ្ពស់ ដល់ការកសាង និង ការអភិវឌ្ឍធនធានមនុស្ស ដោយបានចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី ១ក្នុងរបៀបវារៈនៃ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយប្រកាន់ខ្ជាប់នូវអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋាន និង ជាមធ្យោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចការកាត់បន្ថយភាពក្រីក្រ និង ការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ឆ្នាំ ២០៥០ ។

ការបណ្ដុះបណ្ដាល និង វិក្រឹតការលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ក្នុងការកសាងគុណវុឌ្ឍិ ដើម្បីបំពេញមុខងារភារកិច្ច សំដៅចូលរួមចំណែកលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ នៃអង្គភាពថវិកានីមួយៗរបស់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ត្រង់មាត្រា ១៤ ដែលបានកំណត់ថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័នអង្គភាពសាធារណៈប្រហាក់ប្រហែលរដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ» និង ស្របតាមស្មារតី អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងចាត់ទុកការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកត្តាចាំបាច់ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកលើកកម្ពស់កម្រិតជីវភាព និង បង្កើនប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានរំឭកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលនេះពិតជាមានសារៈសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈទាំងលើចំណេះដឹងជំនាញវិជ្ជាជីវៈបច្ចេកទេស និង ឥរិយាបថបំពេញការងារ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ -ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ៕

ព័ត៌មានទាក់ទង